ទំព័រដើម > អានរឿងព្រេង > មហាឫសីប្រោះខ្លា

មហាឫសីប្រោះខ្លា

មហាឫសី​ប្រោះខ្លា

មាន​និ​ទាន​មួយ​ដំ​ណាល​ថា ៖ មាន​ខ្លា​ទោល​១ ទៅ ដេក​លើ​រូង​ពស់​ ៗលូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង​។ ថ្ងៃ​នោះ​ជួន​ជា​មហា​ឫសី​មួយ​អង្គ​និ​មន្ត​គោ​ចរ​ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់​ក៏​មេត្តា​បាន​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា​ “អញកំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំ​នៅ​របស់​អញ​ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​ហ៊ាន​ធ្វើ​ឲ្យ​អញ​ភ្ញាក់​ ម៉្លេះ​ហើ​អញ​ខាំ​ព្រះ​ស្តែង​ស៊ី​ពុំ​លែង​ឡើយ​”។ មហា​ឫសី​ឆ្លើយ​ថា​ “ ព្រះ​ស្តែង​ដេក​លើ​រួង​ពស់​ៗ​ចឹក​ស្លាប់ អញ​ប្រោះ​ព្រះ​ស្តែង​ឲ្យ​រស់​ឡើង​វិញ​ គួរ​តែ​ព្រះ​ស្តែង​អរគុណ​អញ​ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​គិត​ខាំ​អញ​វិញ” មហា​ឫសី​ខឹង​នឹង​ខ្លា ប្រកែក​ជជែក​គ្នា​មិន​អស់​មិន​ហើយ​ ទើប​នាំ​គ្នា​ទៅ​ប្តឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន។ ចចក​ជញ្ជឹង​គិត​ថា​ អញ​នៅ​ក្នុង​ព្រៃ​ថ្ងៃ​នេះពឹង​ពាក់​អា​នុ​ភាព​ខ្លា​ បើ​អញ​កាត់​ក្តី​នេះ​ឲ្យ​ខ្លា​ចាញ់​ សម​នឹ​ងអញ​ពឹងពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ​ ក៏កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​មហា​ឫ​សី​។ ឯ​ចចក​កាត់​ក្តី​បែប​នេះ​ហៅ​ថា​ ឆន្ទា​គតិ។

មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅវិញ​ទៅមក​ ហើយ​ក៏នាំ​ខ្លា​ទៅ​ប្តឹង​គោថ្លែង​ប្រាប់​តាម​តំណើរ​រៀង​ខ្លួន​ដូច​មុន​។​ គោ​គិតថា បើ​អញ​កាត់​ក្តី​ឲ្យ​ខ្លា​ចាញ់​ហើយ សម​ខ្លា​នេះ​ស្អប់​អញ​ វា​នឹង​ខាំ​អះ​មិន​ខាន​ឡើយ​ ទើប​គោ​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​ម​ហា​ឫ​សី។ គោ​កាត់​ក្តី​បែបនេះ​ហៅ​ថា​ ភយោ​គតិ។ មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្តឹង​ស្វា​ៗ​ គិត​ថា​ “កាលមុន​មាន​បុរសម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្តូង​ អា​ពុក​អញ​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្តូង​បាន​ មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ​ អាពុក​អញ​នាំ​បុរស​នោះ​ឲ្យ​ឡើង​ដើម​ឈើបាន​រួច​អំពីភ័យ បុរសនោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​អា​ពុក​អញ​វិញ”។ ស្វាគិត​ដូច្នោះ​ហើយ​ ទើប​កាត់​ក្តី​ឲ្យ​មហា​ឫសី​ ស្វា​កាត់​ក្តី​យ៉ាង​នេះ​ ហៅ​ថា​ ទោសា​គតិ។

មហា​ឫសីមិន​សុខ​ចិត្តនាំ​ខ្លា​ទៅ​ប្តឹង​ត្មាតៗ គិតថា “សព្វថ្ងៃនេះអញ​បាន​រំពា​សំណស់​អំពី​ខ្លា​ជា​អាហារ​ចំណី​ជា​ប្រក្រតី​ មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្តី​នេះ​ឲ្យ​ខ្លាចាញ់​ហើយ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្តេច​ឡើយ​អញ​នឹង​បាន​ស៊ីរំពា​ខ្លា​នេះ​ទៀត”។​ ត្នាត​គិត​ដូច្នេះ​ហើយ​ ក៏​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ីមហា​ឫសី។ ត្មាត​កាត់​ក្តី​យ៉ាង​នេះ​ ហៅថា​ លោភាគតិ។

មហាឫសីមិន​សុខចិត្ត​នាំ​ខ្លា​ទៅ​ប្តឹង​ទេ​ព្រក្សៗ​ គិតថា​ “មនុស្ស​ទាំងពួង​ដើរ​ព្រៃ​អា​ស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ​ចេះ​តែ​កាច់​មែក​ ហែកសន្លឹក​ ស្ទោះ​សម្បក​ឆ្លក​កាត់​ដើម​”​ ទេព្រក្សគិត​ដូច្នេះ​ហើយ​ ក៏កាត់​ក្តី​ឲ្យ​ខ្លា​ស៊ីមហា​ឫសី​។​ ទេព្រក្សកាត់​ក្តី​យ៉ាង​នេះ​ ហៅ​ថា​ មោហា​គតិ មិន​ទៀង​ត្រង់​ឡើយ​។

មហា​ឫសី​មិន​សុខចិត្ត​នាំ​ខ្លា​ទៅប្ដឹងទន្សាយប្រាប់​ថា​ “ខ្លានេះ​ដេក​លើ​រន្ធពស់​វែក​ៗចេញ​មក​ចឹកស្លាប់​ អាត្មា​សូត្រមន្ត​បោសពិស​ពស់​ឲ្យ​រស់​ឡើង​វិញ ដោយ​គិត​ថា​ខ្លានេះ​នឹង​តប​គុណអាត្មា ឥឡួវនេះ​ ម្តេចក៏ខ្លា​ប្រាថ្នាស៊ី​អាត្មាវិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ​”។ ឯខ្លា​ប្តឹង​ថា​ “ខ្ញុំកំពុង​តែ​ដេក​លក់​ ជាសុខសប្បាយ​ក្នុង​ព្រៃ​ស្រាប់​តែព្រះ​ស្តែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ ហេតុ​នេះ​ត្រូវ​ខ្ញុំ​ខាំ​ព្រះ​ស្តែង​ឫសី​នេះ​ ៗពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ចចកៗ​ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗមិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​គោៗ​ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំខ្ញុំ​ទៅ​ប្តឹង​ស្វា​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ត្មាតៗ កាត់​ឲ្យខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខចិត្តនាំ​ខ្ញុំ​ទៅ​ប្តឹង​ទេព្រក្សៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​មក​ប្តឹង​លោក​ តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ​”។

ទន្សាយ​ស្តាប់​ពាក្យ​មហា​ឫសី​ និង​ពាក្យ​ខ្លា​ហើយ​ ក៏​ពិ​ចារណា​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​ឈ្វេង​យល់​អាថ‌៌សេចក្តី​ហើយ​ប្រាប់​ថា​ “បើដូច្នោះ​ ចូរ​មហា​ឫសី​ និង​បង​ខ្លានាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុនោះ​ ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ​ គឺ​ឲ្យ​មហា​ឫសី​ជូន​ទៅ​ដល់​កន្លែង​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ឃើញ​នឹង​ពិចារណា​ដោយ​ប្រការ​នោះ”។ ទើប​មហា​ឫសី​ និង​ខ្លា​បបួល​គ្នា​ទៅ នាំទាំង​ទន្សាយ​ទៅ​ផង​។ លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ​ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ​ យូរ​បន្តិចពស់​វែក​ចេញ​មក​ចឹង​ខ្លាស្លាប់​នៅ​មាត់​រន្ធនោះ​ឯង​។​ កាល​បើ​ខ្លានោះ​ស្លាប់​ហើយ​ ទន្សាយ​ប្រាប់​មហា​ឫសី​ថា “សូម​លោក​មើល​ខ្លានេះ​ចុះ​ ហេតុតែ​ឥតធម៌វង្វេង​ភ្លេច​គុណ​គេ​ ឥឡូវ​ពុំ​រំ​លង​នឹង​វេរា​កម្មឡើយ​តាំងពី​ពេល​នេះ​ទៅមុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ​”។​ ឯ​ទន្សាយ​កាត់​ក្តី​យ៉ាង​នេះ​ ហៅថា​សុគតិនំ “ដំណើរល្អ” គឺសុចរិត​យុត្តិ​ធម៌​ហោង​៕​

ចំណាត់ក្រុម ៖អានរឿងព្រេង
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: