បណ្ណសារ

Archive for 5 ខែកញ្ញា 2012

អ្នកប៉ះកង់

5 ខែកញ្ញា 2012 មតិ 4

មិនដឹងជាត្រូវដាក់ចំណងជើងថាម៉េច ដាក់ត្រឹមណឹងបានហើយ។​ តាមពិតចង់ថែម ថា អ្នកប៉ះកង់សម័យថ្មី ខ្លាចប៉ះពាល់​សិទ្ធទូទៅរបស់គេ ក្រែងលោមានអ្នកខ្លះនៅល្អ មិនមានល្បិចដូចពួកគាត់។

ពេលជិះម៉ូតូឌុបភរិយា និងបងស្រីថ្លៃខ្ញុំត្រឡប់មកពីផ្សារបឹងត្របែក វិញ(រំលឹករឿងនេះ អាណិតអា Fino ហ្នឹងណាស់ ព្រោះ​សរុប​ទំងន់ទាំងបីនាក់ចូលគ្នាជិត២០០គីឡូទៅហើយ)​ ចៃដន្យអី​កង់ធូរពាក់កណ្តាលផ្លូវ។ ខ្ញុំក៏ឲ្យភរិយាខ្ញុំ​​ និងបងថ្លៃ​ជិះម៉ូតូឌុបទៅមុន​ហើយខ្ញុំក៏បរម៉ូតូរកន្លែងប៉ះ។ ប្រហែលជាខ្ញុំ​មិនសូវបានចូលជាង​មួយរយះនេះទើបមិនដឹង​ទំនៀមទំលាប់​​ថ្មី​ គ្រាន់តែចតវាយជន្ទល់កណ្តាលភ្លាម មេជាង​ដែលកំពុងពិសារបាយ​(មិនដឹងថាអាហារពេលព្រឹក​ឬថ្ងៃ​ត្រង់ទេ ព្រោះពេលនោះប្រហែលជាម៉ោង​១០) ប្រាប់ថា បងវាជន្ទល់កណ្តាល​ (កាលពីមុនគេរត់មកទទួលហើយ​វាយជន្ទល់អោយ​) ខ្ញុំក៏វាយជន្ទល់កណ្តាលអោយទៅទាំងគ្រវីក្បាល ព្រោះគិតថាគាត់កំពុងតែពិសាបាយ។ កូនជាងរបស់​ម្នាក់មក​ធ្វើជំនួសគាត់។ កូនជាងនោះបានទាញសម្ភារះមកមួយកម្ភេរ ហើយ​ចាប់​ផ្តើមទាញពោះវៀនកង់កន្ត្រាក់មក​តែម្តង​ (ដូចអត់ទំនង លើកមុនៗគេមួលខ្ចៅកន្លែងវាល់ចេញសិន​ ហើយគេហើយបានគេទាញសម្បក​កង់ ពោះវៀន និងកន្លែង​វាល់គេទាញថ្នមៗ) ធ្វើអោយ​ដាច់ក្បាល់វាល់​ហើយកូនជាង​នោះប្រាប់ខ្ញុំថា ពូដូរពោះវៀន។ ខ្ញុំហួសចិត្តមិនដឹងថានិយាយយ៉ាងម៉េច (ព្រោះមិនហ៊ាននិយាយ គ្នា​គាត់ច្រើនណាស់ មានមេជាង ក្មេងស្ទាវ​២នាក់ទៀតកំពុងហូបបាយ និងនារីម្នាក់ទំនងជាកូនមេជាងទាំងអស់) ពេលឃើញពោះ​វៀន​នៅក្រៅ ហើយ​ក្បាលវាល់នៅជាប់​ម៉ូតូ​នៅឡើយ​ មើលទៅមិនទំនងសោះ។ ​ ខ្ញុំមើលទៅ​ស្ទាវ២នាក់នោះមិនសូវស្រួលទេ (ស្លៀកខោរសំយេស អត់ពាក់អាវ ដើរកាងៗ​ហើយមើលមកខ្ញុំញយៗ)។

នេះទុកជាមេរៀនហើយ​ លែងចង់ចូលប៉ះតាម​កន្លែងអាណាធិបតេយ្យ​ចឹងទៀតហើយ គួរធ្វើតាមទំលាប់ រកកន្លែងស្គាល់គ្នា ឬកន្លែងមាន​យីហោរត្រឹមត្រូវ។ ចុះបើរកមិនឃើញ? ត្រូវទ្រាំអោយគេកោរមិនដាក់ទឹក​ទៀតហើយ៕

ចំណាត់ក្រុម ៖វាចារខ្ញុំ